លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារអភិវឌ្ឍន៍ក្រុងបន្តចុះដាក់រនាំងថ្មពុះចែកទ្រូងផ្លូវ និងដាក់បង្គោលភ្លើងបំភ្លឺផ្លូវបន្ថែម នៅតាមបណ្តោយផ្លូវជាតិលេខ៥
!!!
បន្ទាយមានជ័យ៖នៅថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំថោះ ពុទ្ធសករាជ២៥៦៧ ត្រូវនិងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារអភិវឌ្ឍន៍ក្រុងបន្តចុះដាក់រនាំងថ្មពុះចែកទ្រូងផ្លូវ និងដាក់បង្គោលភ្លើងបំភ្លឺផ្លូវបន្ថែម នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីមុខសណ្ឋាគារលី មកដល់ភ្លើងស្តុបធនាគារអេស៊ីលីដា។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថាដើម្បីបញ្ជៀសនៅគ្រោះថ្នាក់ចរាចរណ៍ និងធ្វើឲ្យក្រុងប៉ោយប៉ែតមានសោភ័ណភាពស្រស់ស្អាតល្អ រួមទាំងមានសណ្ដាប់ធ្នាប់របៀបរៀបរយ សម្រួលរាល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋតាមដងផ្លូវសាធារណ: រហូតមកដល់ពេលនេះ រនាំងថ្មពុះចែកទ្រូងផ្លូវដែលរដ្ឋបាលក្រុងបានដាក់មានប្រវែងប្រមាណ៣គីឡូម៉ែត្រហើយ ដែលចាប់ពីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មកដល់នឹងភ្លើងស្តុបធនាគារអេស៊ីលីដា។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបន្តឱ្យដឹងទៀតថា ការអភិវឌ្ឍន៍ដាក់រនាំងថ្មពុះចែកទ្រូងផ្លូវ រដ្ឋបាលក្រុងប៉ោយប៉ែត នឹងបន្ត ដាក់រនាំងថ្មពុះចែកទ្រូងផ្លូវជាតិលេខ៥ និងភ្លើងបំភ្លឺផ្លូវបន្ថែមទៀត រហូតដល់មុខវត្តរតនារាមផ្សារកណ្តាល។