ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានាក្នុងវត្តរតនៈសុខសាន្ត ហៅវត្តអូរខៃដន ក្រុងប៉ោយប៉ែត

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានាក្នុងវត្តរតនៈសុខសាន្ត ហៅវត្តអូរខៃដន ក្រុងប៉ោយប៉ែត

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា ក្នុងវត្តរតនៈសុខសាន្ត ហៅវត្តអូរខៃដន ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងពិធីសម្ពោធនេះដែរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សូមចូលរួមអនុមោទនាត្រេកអរ និងសម្តែង​នូវមោទនភាពចំពោះការកើតឡើងនូវសមិទ្ធផលថ្មីៗជាច្រើននៅក្នុងទីអារាមនេះ ដែលបានកើត​ឡើង​ពីកម្លាំងសាមគ្គីធម៌ និងសទ្ធាជ្រះថ្លារួមគ្នាទាំងផ្នែកពុទ្ធចក្ក និងអាណាចក្ក សម្រាប់បង្ក​លក្ខណៈ​ដល់ការធ្វើបុណ្យបំពេញទានរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ដែលធ្លាប់​មានអតីតកាល​ដ៏ជូរចត់ពោរពេញដោយគ្រោះថ្នាក់ ការបំផ្លិចបំផ្លាញ ​និងវិនាសកម្មបង្កឡើងដោយសង្គ្រាម ប៉ុន្តែ​សព្វថ្ងៃតំបន់​អតីតសមរភូមិមួយនេះ ​បានប្រែមុខមាត់ និងក្លាយមកជាតំបន់អភិវឌ្ឍន៍​គ្រប់​ហេដ្ឋា​រចនាសម្ព័ន្ធ និងប្រកបដោយសក្តានុពល។

ឯកឧត្តមបណ្ឌិត បានបន្តថា ការរីកចម្រើនលូតលាស់នៃវិស័យ​ព្រះពុទ្ធសាសនាដែលជាសាសនា​របស់​រដ្ឋ និងមរតកវប្បធម៌ដែលបុព្វបុរសបានបន្សល់ទុក គឺបានបម្រើជាផលប្រយោជន៍យ៉ាងច្រើនលើស​លប់​ដល់ប្រជាពលរដ្ឋយើងជាពុទ្ធបរិស័ទដែលតែងតែមានជំនឿ ​និងគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន។ ក្រោយឆ្នាំ១៩៧៩ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង​ដោយ​ដៃម្ខាងប្រឹង​ទប់ស្កាត់​សង្គ្រាម ​ជាពិសេសការវិលមកវិញនៃរបបខ្មែរក្រហម និងដៃម្ខាងទៀតប្រឹង​ស្តារកសាងអភិវឌ្ឍជាតិ។ ដំបូលនៃសន្តិភាព ​ពិតជាបានផ្តល់ឱកាសឱ្យយើងអាចកសាងឡើងវិញនូវទីអារាមថ្មីៗបន្ថែមទៀតជំនួសវត្តចាស់ៗ​ដែលត្រូវបានបំផ្លាញចោលអស់ក្នុងកំឡុង​ពេល​សង្គ្រាមបង្ហូរឈាម។

ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា ការកសាងសមិទ្ធផលក្នុងផ្នែកពុទ្ធចក្កក៏មិនមែនត្រឹមតែផ្តល់​ផលក្នុង​មជ្ឈដ្ឋាន​ពុទ្ធចក្កប៉ុណ្ណោះទេ ប៉ុន្តែក៏បានរីកសាយភាយដល់ពិភពអាណាចក្កផងដែរ ជាពិសេស​ផល​នៃការអប់រំប្រៀនប្រដៅ​ផ្នែកសីលធម៌គុណធម៌ ​និងមនុស្សធម៌ ដែលជាភាវៈនៃសេចក្តីល្អ​សម្រាប់​ការអភិវឌ្ឍសង្គមជាតិ។

ជាចុងក្រោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានពាំនាំពាក្យពីរសម្ដេចទាំងធ្វេ ផ្ដាំផ្ញើសួរសុខទុកដល់បងប្អូនប្រជាពលរដ្ធនៅក្រុងប៉ោយប៉ែតខេត្ត បន្ទាយមានជ័យផងដែរ។

ក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២២។

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *