ក្រុមការងារព័ត៌មានប្រតិកម្មរហ័សរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចេញសេចក្ដីបំភ្លឺការពារផ្ទុយពីការពិត បើទោះបីក្រុមការងារអង្គភាពគេហទំព័រHVNN TVOnline បានចុះយកព័ត៌មានជាក់ស្ដែងដោយមានការថតកាមេរ៉ាជាអង្គចងចាំ មានថ្ងៃខែឆ្នាំ បញ្ជាក់ពេលវេលាយ៉ាងច្បាស់លាស់ យ៉ាងណាក៏ដោយ..
ក្នុងនាមខ្ញុំបាទ.! ហែម វណ្ណា ចាងហ្វាងការផ្សាយគេហទំព័រ HVNN TVOnline សុំធ្វើសេចក្ដីប្រតិកម្មចំពោះការបំភ្លឺព័ត៌មានប្រតិកម្មរហ័សរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បំភ្លឺការពារផ្ទុយពីការពិត ខណៈដែលក្រុមការងារអង្គភាពយើងខ្ញុំបានចុះផ្ដិតយករូបភាពជាក់ស្ដែង ដែលបានថតកាមេរ៉ាបញ្ជាក់ពេលវេលា ថ្ងៃ ខែឆ្នាំ ឃុំ ស្រុក យ៉ាងច្បាស់ ហើយក៏ជាភស្តុតាងច្បាស់លាស់ ដើម្បីចុះផ្សាយជាដំណឹងផ្ដល់ព័ត៌មានឱ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធធ្វើការបង្ក្រាបផងដែរ តែបែរជាក្រុមព័ត៌មានប្រតិកម្មរហ័សរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលពូកែបកស្រាយការពារ ផ្ទុយពីការពិត ហាក់បីដូចមិនចេះទៅលើបច្ចេកវិទ្យាឌីជីថល ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកជំរុញឲ្យមន្ត្រីសមត្ថកិច្ចទាំងអស់ត្រូវតែមានបទពិសោធន៍ទៅលើបច្ចេកវិទ្យាឌីជីថលនាសម័យអេអាយ(AI)ឲ្យបានច្បាស់លាស់ ឬមួយក្រុមព័ត៌មានប្រតិកម្មរហ័សរបស់ស្នងការខេត្តកណ្ដាល ចេះហើយធ្វើល្ងង់ ដើម្បីបិទបាំងល្បែងអាណាចា..នៅក្នុងមូលដ្ឋានរបស់ខ្លួន! ហើយចេញមកតតាំងបំភ្លឺតទល់ជាមួយអ្នកសារព័ត៌មានក្នុងន័យការពារក្រុមល្បែងណាធិបតេយ្យទាំងនេះ។
ចង់ដឹងថាតើសេចក្ដីបំភ្លឺការពារផ្ទុយពីការពិតមានខ្លឹមសារយ៉ាងណានោះ សូមសម្ដេចទ្រង់ឯកឧត្តម លោកជំទាវ អស់លោកលោកស្រី ពុកម៉ែបងប្អូននៅទូទាំងនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមតាមដាននិងទស្សនាខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ÷
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រ HVNN TV Online និងបណ្តាញសារព័ត៌មានមួយចំនួន ដែលបានចុះផ្សាយ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ មានខ្លឹមសារថា ៖ ទីតាំងបន ល្បែងសុីសងជល់មាន់តាមប្រព័ន្ធអនឡាញ ខុសច្បាប់និងឡូតូរបស់លោកតឿ បើកលេងយ៉ាងសកម្មជិតសាលាឃុំខ្ពប ស្រុកស្អាង មិនដឹងថាលោក រស់ ចន្ថា អធិការស្រុកស្អាងចាត់វិធានការបង្ក្រាបដែរឬយ៉ាងណា។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានបញ្ជាឱ្យកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចំណុះអធិការដ្ឋាន ស្រាវជ្រាវចំពោះរូបភាពទីតាំងដែលសារព័ត៌មានបានចុះផ្សាយ។
ជាលទ្ធផល៖
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប បានចុះល្បាតពិនិត្យស្រាវជ្រាវ ក្នុងភូមិសាស្ត្រពិនិត្យឃើញថា មិនមានករណីលួចលាក់បើកលេងល្បែងសុីសងខុសច្បាប់(ជល់មាន់តាមប្រព័ន្ធអនឡាញ) នោះទេ។
ដោយឡែក នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១២:២៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា សហការជាមួយកម្លាំងប្រជាការពារ ក្រុមប្រឹក្សាឃុំ និងលោកមេភូមិ ចុះពិនិត្យមើលទីតាំងផ្ទះលក់កាហ្វេមួយកន្លែង ជាទីតាំងដែលសារព័ត៌មានចុះផ្សាយផ្សាយខាងលើឃើញថា មានម្ចាស់ឈ្មោះ អ៊ាង ហ្គិចទាង ភេទស្រី អាយុ ២៨ឆ្នាំ ស្ថិតនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល គឺមិនមានការបើកលេងល្បែងស៊ីសងខុសច្បាប់ មាន់ជល់តាមប្រព័ន្ធអនឡាញ ដូចការចោទប្រកាន់ខាងលើនោះទេ (ជារូបភាពចាស់) ទីតាំងនេះបានបិទយូរមកហើយ។ កន្លងមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា សហការជាមួយក្រុមប្រឹក្សា ធ្លាប់ចុះធ្វើកិច្ចសន្យាអប់រំចំពោះទីតាំងខាងលើ ហាមដាច់ខាតមិនឱ្យផ្តល់ទីតាំងបើកលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទឡើយ។
ចំណាត់ការបន្ត : កម្លាំងជំនាញស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តធ្វើការស្រាវជ្រាវ បង្ក្រាបរាល់ករណីលួចលាក់បើកលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនឱ្យមានក្នុងមូលដ្ឋានជាដាច់ខាត។
អាស្រ័យហេតុនេះ សូមសាធារណជនជ្រាប និងកុំមានការភាន់ច្រឡំ៕
ជុំវិញរឿងរ៉ាវការបំភ្លឺកាលពីថ្ងៃទី 22 ខែសីហាឆ្នាំ 2024ពីក្រុមការងារព័ត៌មានប្រតិកម្មរហ័សរបស់ស្នងការខាងលើ ដែលបានលើកឡើងថាជារូបភាពចាស់ៗ និងទីតាំងនោះបានបិទជាយូរណាស់មកហើយ អង្គភាពយើងខ្ញុំសូមជម្រាបជូនដល់អ្នកលេងនៅតាមបណ្ដាសង្គម ក៏ដូចសាធារណៈជនជ្រាបថា នៅថ្ងៃទី 17 សីហាឆ្នាំ 2024 វេលាម៉ោង 11 និង 30 នាទី ហើយនៅថ្ងៃទី 19 ខែសីហា ឆ្នាំ 2024 វេលាម៉ោង 4.46នាទីក្រុមការងារយើងខ្ញុំបានចុះផ្តិតយករូបភាពជាក់ស្ដែង ដោយបានថតកាមេរ៉ាពេលវេលាបញ្ជាក់ ឃុំ ស្រុក ថ្ងៃខែឆ្នាំ យ៉ាងច្បាស់លាស់ ដើម្បីធ្វើការផ្សព្វផ្សាយផ្ដល់ជាដំណឹងដល់អាជ្ញាធរពាក់ពន្ធក្នុងមូលដ្ឋាននោះ ឱ្យធ្វើការបង្ក្រាបចំពោះល្បែងអាណាធិបតេយ្យទាំងនេះ តែបែរជាមកតបតទល់ជាមួយអ្នកសារព័ត៌មានទៅវិញ
ដូចពាក្យស្លោកបុរាណ មួយឃ្លាបានពោលថា ក្របីស៊ីស្រូវមិននាំគ្នាដេញចាប់ម្ចាស់ក្របី បែជានាំគ្នាមកដេញចាប់ អ្នកខំស្រែកប្រាប់ថាក្របីស៊ីស្រូវយកទៅដាក់គុកទៅវិញ ក្នុងន័យនេះតើក្រុមព័ត៌មានប្រតិកម្មរហ័សរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលនៅក្នុងជំពូកនេះដែរឬទេ? ក្នុងហេតុការណ៍ខាងលើ សូមបងប្អូនអ្នកលេងនៅក្នុងបណ្ដាញសង្គម ក៏ដូចជាសាធារណជនមេត្តាពិចារណាតាមការគួរ។សូមអរគុណ