(ខេត្តកំពង់ស្ពឺ) ៖ ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣
តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ បានរៀបចំពិធីបាញ់គ្រាប់ពិតបញ្ចប់វគ្គហ្វឹកហ្វឺនបំប៉ន ពង្រឹងសមត្ថភាពយោធាប្រចាំឆ្នាំ២០២២
នៅទីលានបាញ់គ្រាប់ពិតសាលាពលទាហានទី៣ ក្រោមអធិតីភាព ឯកឧត្ដម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិទី៣ និងឯកឧត្តម ទិត្យ វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ។
តាមរបាយការណ៍ហ្វឹកហ្វឺន បានឲ្យដឹងថា ក្នុងដំណើរការអនុវត្តន៍បាញ់គ្រាប់ពិត មានរយៈពេលមួយព្រឹក និងមានសិក្ខាកាមចូលរួមចំនួន ៨០នាក់ ទទួលបានលទ្ធផលគ្រាន់បេី។
ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិទី៣ បានវាយតម្លៃខ្ពស់ ចំពោះការអនុវត្តន៍ បាញ់គ្រាប់ពិតប្រភេទអាវុធ AK47 នាពេលនេះ និងបានដាក់ជាទិសដៅសម្រាប់អនុវត្តន៍បន្តមួយចំនួន ដើម្បីបំពេញបន្ថែមចំណុចខ្វះខាតដល់សិក្ខាកាម ដោយជំរុញឲ្យលើកកម្ពស់កម្រិតយល់ដឹងតាមរយៈទ្រឹស្តី, លក្ខណៈបច្ចេកទេស មេរៀន, អាវុធ, និងកាយវិការបាញ់ របស់សិក្ខាកាម ទៅតាមស្ថានភាពទីលានជាក់ស្តែង។
ឯកឧត្តម មេបញ្ជាការ យោធភូមិភាគ និងឯកឧត្ដម ទិត្យ វិទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ ក៏បានឧបត្ថម្ភថវិកាជូនដល់សិក្ខាកាមទាំងអស់ និងបានជូនរង្វាន់លើកទឹកចិត្តបន្ថែម ដល់សិក្ខាកាមដែលមានស្នាដៃល្អក្នុងការបាញ់ពូកែផងដែរ ។