តើលោក ម៉ា សុភី ឣនុភូមិស្ទឹងថ្មី(ច្រកព្រាល)កំពុងផ្គើននិងអនុសាសន៍សម្ដេចតេជោ ឬមួយយ៉ាងណា បានជាហ៊ាន រំលោភដីសង្គមកិច្ចរបស់រដ្ឋស្របពេល សម្ដេចចេញសារប្រមាន ទៅលើជនឆ្លៀតឱកាស កាប់ព្រៃទន្ទ្រានយកដីរដ្ឋ ក្នុងរដូវកាលមុនពេលបោះឆ្នោតថ្មីៗនេះ។
ខេត្តពោធិ៍សាត់÷តើមានអ្វីនៅពីក្រោយខ្នងលោក ម៉ា សុភី ដែលមានតួនាទីជាឣនុប្រធានភូមិស្ទឹងថ្មី(ច្រកព្រាល)កំពុងធ្វើសកម្មភាពកាប់ទន្ទ្រានព្រៃរំលោភយកដីសង្គមកិច្ចរបស់រដ្ឋជាច្រើនហិចតា និងដីសាលារៀនបឋមសិក្សាអូរដេកា ដែលស្ថិតនៅភូមិស្ទឹងថ្មី(ច្រកព្រាល)ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នេះបើតាមការលើកឡើងរបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ធាន កាលពី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ដោយទង្វើទាំងនេះត្រូវបានគេចាត់ទុកថា លោក ម៉ា សុភី ហ៊ានផ្គើននិងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បើទោះបីសម្ដេចតេជោបានចេញសារប្រមានថ្មីៗកាលពី ៥ថ្ងៃមុន ទៅលើជនឆ្លៀតឱកាស ទន្ទ្រានកាប់ព្រៃយកដីរដ្ឋ នៅរដូវកាលមុនពេលបោះឆ្នោត ជាពិសេសសម្ដេចបានសង្កត់ធ្ងន់ៗទៅលើមន្ត្រីក្របខ័ណ្ឌរដ្ធទាំងឣស់.. ប្រសិនបើមានការពាក់ព័ន្ធក្នុងរឿងនេះគឺមិនអាចទុកបានជាដាច់ខាត។
ក្រុមប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅភូមិឃុំខាងលើ ខ្លះហ៊ានចេញមុខបំភ្លឺជូនអ្នកសារព័ត៌មានយើង ខ្លះទៀតលាក់មុខដូចសត្វពង្រួល បានត្រឹមតែដើរលួចខ្សឹបខ្សៀវទាំងភ្នែកនៅលើចិញ្ចើមព្រោះតែភ័យខ្លាចអំណាចលោក ម៉ា សុភី.. ហើយបានឱ្យក្រុមការងារយើងដឹងថា បច្ចុប្បន្នដីព្រៃសង្គមកិច្ចរបស់រដ្ឋរាប់រយហិចតា ត្រូវបានបុរសខ្លាំង ឈ្មោះ ម៉ា សុភី ដែលគេឲ្យងារថា ជាអភិបាលរងភូមិ ដ៏មានអំណាចវាទទីនិងបែងចែកដីរដ្ធដើម្បីយកមកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួននិងក្រុមបក្សពួកយ៉ាងអាណាធិបតេយ្យ ។ប្រភពដដែលនោះបានបន្តថា ជុំវិញការកាប់ទន្ទ្រានដីព្រៃសង្គមកិច្ចរបស់រដ្ឋ ដើម្បីពុះច្រៀកចែកគ្នាពីសំណាក់ក្រុមលោក ម៉ាសុភីនោះ ប្រសិនបើមានប្រជាពលរដ្ឋណាម្នាក់ ហ៊ានចេញមុខតវ៉ាឬរិះគន់អំពីបញ្ហានេះ ត្រូវបានលោកម៉ាសុភី ចាត់ការវិញយ៉ាងចាស់ដៃ ដោយប្រើយុទ្ធសាស្ត្រលាបពណ៌ ថាប្រជាពលរដ្ឋនោះជាក្រុមបក្សប្រឆាំង និងចាត់ទុកពួកគាត់ថាជាក្រុមមនុស្សក្រៅសង្គម។
សូមរំលឹកប្រវត្តិលោក ម៉ា សុភី នាពេលកន្លងទៅ កាលពីសម័យឯកឧត្តមម៉ៅធនិន នៅជាចៅហ្វាយខេត្តពោធិ៍សាត់ចាស់
កាលនោះលោក ម៉ា សុភី មានតួនាទីជាប្រធានភូមិស្ទឹងថ្មី(ច្រកព្រាល)ត្រូវបានប្រជាពលរដ្ឋប្ដឹងទៅថ្នាក់ខេត្តជុំវិញករណីទន្ទ្រានយកដីរដ្ឋ និង ដីសាលារៀនខាងលើ ហើយត្រូវបានឯកឧត្តម ម៉ៅ ធនិន កោះអញ្ជើញលោក ម៉ា សុភី ចូលមកបំភ្លឺលើករណីនេះ ក៏ប៉ុន្តែលោក ម៉ាសុភី បានរត់គេចមិនព្រមចូលខ្លួនឡើយក្រោយមកឯកឧត្តមម៉ៅ ធនិន ត្រូវបានផ្លាស់ប្ដូរមកកាន់ជាចៅហ្វាយខេត្តកំពតទើបលោក ម៉ា សុភីហ៊ានចូលស្រុកនិងបានទទួលតំណែងថ្មីមួយ។គឺជាអនុប្រធានភូមិស្ទឹងថ្មីច្រកព្រាលវិញម្ដង។
មហាជនបានដាក់ការសង្ស័យថា ការកាប់ទន្ទ្រានដីរដ្ធ ខ្នាតយក្សខាងលើអាចមានការឃុបឃិតគ្នាជាប្រព័ន្ធនៅក្នុងខេត្តទាំងមូល ដោយគេមិនជឿថា អំណាចត្រឹមឋានៈលោក ម៉ា សុភី អនុប្រធានភូមិ អាចធ្វើព្យុះធ្វើភ្លៀងតាមតែអំពើចិត្តបានដូច្នេះទេ ប្រសិនបើមិនមានអ្នកមានអំណាចណាម្នាក់នៅពីក្រោយខ្នងប្រើបាតដៃព្រះយូឡាយចាំទប់សភាពការណ៍ នឹងធ្វើរបាយការណ៍ភូតកុហកថ្នាក់លើ។បើទោះបីយ៉ាងនេះក្ដីគេមិនទាន់ដឹងថា ឯកឧត្តម ខូយ រីដា ចៅហ្វាយខេត្តខ្ចីវស្សា ទើបមកកាន់តំណែងថ្មីៗ ហ៊ានចាត់ការលោក ម៉ា សុភី ស្របតាមសារព្រមានសម្ដេចតេជោ ឬមួយយ៉ាងណានោះទេ បានជា ឯកឧត្តម រក្សាភាពស្ងៀមស្ងាត់ដេកលង់លក់ដូចត្រូវថ្នាំសណ្ដំ។
ជាចុងក្រោយពលរដ្ឋដែលរស់នៅក្នុងតំបន់បានធ្វើការស្នើសុំដល់អាជ្ញាធរថ្នាក់ខេត្ត ជាពិសេសសម្ដេចតេជោបិតាសន្តិភាព ជួយអន្តរាគមន៍ និង ចាត់ក្រុមការងារជំនាញ ចុះមកស្រាវជ្រាវករណីខាងលើឲ្យទាន់ពេលវេលាផងទាន.. ដើម្បីយកដីនោះទុកជាប្រយោជន៍រួមផងចុះ។
ជុំវិញការចោទប្រកាន់ខាងលើ ក្រុមការងារយើងមិនអាចសុំការបំភ្លឺ ពីលោក ម៉ា សុភីឣនុប្រធានភូមិស្ទឹងថ្មី(ច្រកព្រាល)បានទេ នៅរសៀលថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៣នេះ ចំណែកលោកសាន ចន្ធី មេឃុំប្រមោយ បានអះអាងថាលោក ម៉ា សុភីមិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។ រីឯលោក វង្ស អេង អភិបាលស្រុកវាលវែង បានឲ្យដឹងថា បញ្ហាដីសង្គមកិច្ចរបស់រដ្ឋ លោកមិនសូវដឹងរឿងទេ ព្រោះលោកទើបមកកាន់តំណែងថ្មី ចំពោះលោក ម៉ា សុភី លោកក៏បានទទួលចំណារពីលោកអភិបាលខេត្តហើយដែរ ប៉ុន្តែលោកមិនទាន់បានកោះហៅមកសួរនាំនៅឡើយទេ។ ដោយឡែក ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ភ្នាក់ងារយើងមិនឣាចសុំសេចក្ដីអត្ថាធិប្បាយបានឡើយ ដោយទូរសព្ទខលចូលត្រូវបានផ្ដាច់ទៅវិញគ្មានអ្នកទទួល។ តែយ៉ាងណាក៏ដោយក្រុមការងារយើងនិងរង់ចាំការបកស្រាយបំភ្លឺជុំវិញសាច់រឿងនេះរៀងរាល់ម៉ោងធ្វើការតាមរបបស្ដីពីសារព័ត៌មាន៕