នគរបាលបន្តការផ្សព្វផ្សាយតាមស្ថានីយវិទ្យុអំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងផលប៉ះពាល់នៃគ្រឿងញៀនដល់ប្រជាពលរដ្
ឋ
==========
បន្ទាយមានជ័យ: អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងទប់ស្កាត់ បង្ការ បង្ក្រាប រាល់បទល្មើសខុសច្បាប់ បទល្មើសព្រហ្មទ័ណ្ឌ ក្មេងទំនើង ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សង្គម។
នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ផែនប្រឆាំងគ្រឿងញៀន បានចាត់តាំងលោកវរសេនីយ៍ទោ ស្រី សារុំ នាយការិយាល័យប្រឆាំងគ្រឿងញៀន និងក្រុមការងារ បានចូលរួមធ្វើជាវាគ្មិនផ្សព្វផ្សាយអំពី ផលប៉ះពាក់នៃគ្រឿងញៀន ជូនប្រជាពលរដ្ឋដើម្បីបង្កើនការយល់ដឹងបន្ថែមតាម ស្ថានីយវិទ្យុ។ ក្នុងនោះក៏បានបង្កើតឲ្យមានសំនួរ ចម្លើយ និងបកស្រាយចម្ងល់ ជូនប្រជាពលរដ្ឋ និងស្រទាប់យុវជនផងដែរ។
គោលបំណងនៃការផ្សព្វផ្សាយនេះ គឺនគរបាលយើងធ្វើឡើង ដើម្បីផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន ដល់ប្រជាពលរដ្ឋ យុវជន ពិសេស មាតាបិតាឬ អណាព្យាបាលគ្រប់រូបត្រូវ ជៀសឆ្ងាយពីគ្រឿងញៀន, ដឹងពីវិធីបង្កា ទប់ស្កាត់ និងចូលរួមសហការ រាយការណ៍អំពីបទល្មើសគ្រឿងញៀនតាមមូលដ្ឋានដល់សមត្ថកិច្ចជំនាញ ឬនគរបាលដែលនៅជិតបំផុត ដើម្បីចុះអន្តរាគមន៍បង្ក្រាបឲ្យបានទាន់ពេលវេលា សំដៅធ្វើយ៉ាងណាឲ្យភូមិឃុំ-សង្កាត់ មានសុវត្ថិភាព។
ក្រោមការដឹកនាំដោយការទទួលខុសត្រូវ របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ កម្លាំងនគរបាលទូទាំងខេត្ត បានចាត់កម្លាំងយាមល្បាត កម្លាំងប្រចាំការ២៤ម៉ោង ជួយសម្រួលចរាចរណ៍ដល់សិស្សានុសិស្សពេលចេញនិងចូលសាលា ត្រៀមកម្លាំងសម្រាប់អន្តរាគមន៍ ចុះបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជួយសង្គ្រោះពលរដ្ឋពីគ្រោះធម្មជាតិ និងគ្រោះអគ្គីភ័យផ្សេងៗដែលអាចកើតឡើងជាយថាហេតុផងដែរ៕