ករណីឃាតកម្មនៅភូមិព្រៃគប់ក្រុងប៉ោយប៉ែត : តុលាការខេត្តផ្តន្ទាទោសចិនម្នាក់គុក១ជីវិត ,និងខ្មែរម្នាក់ ១០ឆ្នាំ ដោយ : ប ជ័យ / បន្ទាយមានជ័យ

ករណីឃាតកម្មនៅភូមិព្រៃគប់ក្រុងប៉ោយប៉ែត : តុលាការខេត្តផ្តន្ទាទោសចិនម្នាក់គុក១ជីវិត ,និងខ្មែរម្នាក់ ១០ឆ្នាំ
ដោយ : ប ជ័យ / បន្ទាយមានជ័យ

ករណីឃាតកម្មគិតទុកជាមុននិងកាន់អាវុធដោយគ្មានការអនុញ្ញាតិសាលាដំបូងខេត្តបន្ទាយមានជ័យបានចេញសាលក្រមសម្រេចផ្តន្ទាទោសចំពោះជនជាតិចិនម្នាក់ ដាក់ពន្ធនាគារអស់១ជីវិតនិងជនជាតិខ្មែរម្នាក់ ដាក់ពន្ធនាគារ១០ឆ្នាំ។

សាលក្រមដែលសារព័ត៌មានទទួលបានកាលពីថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២៣ បានអោយដឹងថា៖
១-ផ្តន្ទាទោសឈ្មោះ ជូ យ៉ូង (Zhou Yong )ហៅ ម៉ាទីន ភេទប្រុស ជនជាតិចិន ដាក់ពន្ធនាគារអស់មួយជីវិតពីបទឃាតកម្មគិតទុកជាមុននិងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។
និងក៏ផ្តន្ទាទោសឈ្មោះ ឡោ លឹមហាប់ ភេទប្រុស ជនជាតិខ្មែរ ដាក់ពន្ធនាគារ១០ឆ្នាំ ពីបទឃាតកម្មនិងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដែរ ។

ជនទាំង២នាក់បានប្រព្រឹត្តបទល្មើសនៅចម្ការដំឡូងមី ឮភូមិព្រៃគប់សង្កាត់អូរឫស្សីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣កន្លងមក ។
២- បង្គាប់ ឈ្មោះជូ យ៉ុង (Zhou Yong ) ហៅ ម៉ាទីននិង ឈ្មោះ ឡោ លឹមហាប់ រួមគ្នាសងសំណង ៨០០លានរៀល ទៅដើមបណ្តឹងរប្បវេណីឈ្មោះ លី ហ្ស៊ុងគួ(Li Zong Guo ) ។

សូមរំលឹកសំណុំរឿងនេះថា កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងក្រុងប៉ោយប៉ែតបំបែកសំណុំរឿករណីឃាតកម្មបាញ់សម្លាប់ជនជាតិចិនម្នាក់ ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៩និង៤០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចចម្ការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្ទះជួលរបស់ជនសង្ស័យក្នុងបុរីសានហូស្ថិតនៅក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងដកហូតវត្ថុតាងរួមមាន : ១.-អាវុធខ្លីម៉ាក K54 លេខ ២៩១០៣១៨៧ (បង់០១ គ្រាប់០៧គ្រាប់) ចំនួន០១ដើម។ ២.-អាវុធខ្លីម៉ាក G-LOCK 17 GEN4 លេខ TSV665 (បង់០១ គ្រាប់០៥គ្រាប់) ចំនួន០១ដើម។ ៣.-សំបកគ្រាប់កាំភ្លើងខ្លីម៉ាក G-LOCK ចំនួន០២គ្រាប់។ ៤.-គ្រាប់កាំភ្លើងខ្លីម៉ាក G-LOCK ចំនួន០១គ្រាប់។ ៥.-គ្រាប់កាំភ្លើងខ្លីម៉ាក K54 ចំនួន០៣គ្រាប់។ ៦.-កញ្ចប់បារីម៉ាក MEVIUS ចំនួន ០១កញ្ចប់។ ៧.-បង់កាំភ្លើងចំនួន០១ ។

ដើមបណ្ដឹងសំណុំរឿងនេះគឺឈ្មោះ លី ចុងហ្គូ ( LI ZHONG GUO ) ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិនជាបងជីដូនមួយរបស់ជនរងគ្រោះ ស្នាក់នៅកន្លែងខាងលើ។

កាលណោះ ទោះបីឃាត់ខ្លួននិងសាកសួរ ហើយអង្គហេតុ ភស្តុតាងចង្អុរច្បាស់ហើយក៏ដោយ ជនសង្ស័យជនជាតិចិនឈ្មោះជូ យ៉ុង ( ZHOU YONG )ហៅម៉ាទីនបានប្រកែកថា ខ្លួនមិនបានបាញ់សម្លាប់ទៅលើជនរងគ្រោះឡើយ ។
ប៉ុន្តែបក្ខពួកឈ្មោះ ឡោ លឹមហាប់ ហៅប្រុសជនជាតិខ្មែរបានឆ្លើយបំភ្លឺលម្អិតថា : មុនពេលកើតហេតុនៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ជនសង្ស័យជនជាតិចិនឈ្មោះ ម៉ាទីន និងជនរងគ្រោះឈ្មោះ សេន ជានហ្គូ (SHEN JIANGUOហៅគីងកុង) បានចេញពីខារ៉ាអូខេ (ROYAL) ស្ថិតក្នុងក្រុងប៉ោយប៉ែត ដោយពួកគេបានជិះរថយន្តដែលខ្លួន(ឡោ លឹមហាប់) ជាអ្នកបើកចេញមកក្រៅជាមួយគ្នា ។

ពេលមកដល់កន្លែងកើតហេតុឈ្មោះ ម៉ាទីន បានឱ្យឈប់ឡានដើម្បីជក់បារី និងជុះនោម ។
ជនសង្ស័យ ឡោ លឹមហាប់បានបន្តថា : ” បន្ទាប់មកឈ្មោះ ម៉ាទីន បាន”លើកដៃធ្វើសញ្ញា”ឱ្យខ្ញុំបាញ់ពីក្រោយសម្លាប់ជនរងគ្រោះ ដោយប្រើប្រាស់អាវុធខ្លីរបស់ខ្លួនម៉ាក K54 “.។
“ពេលនោះខ្ញុំក៏បាញ់០១គ្រាប់ទៅលើជនរងគ្រោះតែមិនផ្ទុះទេ ។ ភ្លាមនោះឈ្មោះ ម៉ាទីន ក៏បានដកកាំភ្លើងរបស់ខ្លួនម៉ាក G-LOCK17 ចេញពីកាបូបកាន់ដៃរបស់គេបាញ់ទៅលើជនរងគ្រោះ០១គ្រាប់ ត្រូវចំស្មាខាងស្តាំ ផ្នែកខាងក្រោយធ្លាយចេញមកបំពង់កផ្នែកខាងឆ្វេងបណ្តាលឱ្យដួលទៅលើដី ។
រួចហើយឈ្មោះ ម៉ាទីន បានប្រគល់កាំភ្លើងម៉ាក G-LOCK17នោះ មកឱ្យរូបខ្ញុំ អោយបាញ់ថែមមួយគ្រាប់ទៀតត្រូវចំក្បាលផ្នែកខាងក្រោយធ្លាយមកចិញ្ចើមខាងឆ្វេងបណ្តាលឱ្យជនរងគ្រោះស្លាប់ទៅ.” ។

មូលហេតុនៃឃាតកម្មនេះ ត្រូវជនសង្ស័យឈ្មោះឡោ លឹមហាប់  បានបញ្ជាក់ថា : ពួកខ្លួនបាញ់សម្លាប់ជនរងគ្រោះ ឈ្មោះជូ យ៉ុងហៅម៉ាទីន ព្រោះខឹងជនជំពាក់លុយជនរងគ្រោះឈ្មោះ សេន ជានហ្គូ (SHEN JIANGUO )ហៅគីងកុង ច្រើនដែរ ហើយទារលុយច្រើនដងពេក ទើបជូ យ៉ុង រៀបផែនការបាញ់សម្លាប់ជនរងគ្រោះ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *