ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងឯកឧត្ដម ខេង ស៊ុម អញ្ជើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង អាណត្តិទី៤ ឆ្នាំ២០២៤..

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងឯកឧត្ដម ខេង ស៊ុម អញ្ជើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង អាណត្តិទី៤ ឆ្នាំ២០២៤
==============
(បន្ទាយមានជ័យ) សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ត្រូវយកចិត្តទុកដាក់ក្នុងការគូសសន្លឹកឆ្នោត ព្រោះសន្លឹកឆ្នោត ១សន្លឹកស្មើនឹង ២ម៉ឺនសំឡេង នេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានក្រុងប៉ោយប៉ែត ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ខេង ស៊ុម ប្រធានគណៈបញ្ជាការយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន-អនុប្រធាន សមាជិក សមាជិកា ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដា្ឋនក្រុងប៉ោយប៉ែត និងសង្កាត់ប៉ោយប៉ែតទាំង៥ ក្រុមការងារគណបក្សចុះមូលដា្ឋនភូមិ យុវជនក្រុង-សង្កាត់ និងភូមិ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត។

បន្ទាប់ពីលោក គាត ហ៊ុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែតបានរាយការណ៍អំពីផែនការសកម្មភាពការងារនិងវឌ្ឍនភាពការងាររបស់គណៈកម្មាធិការគណបក្សក្រុងប៉ោយប៉ែតរួចមក។ ឯកឧត្តម ខេង ស៊ុម ប្រធានគណៈបញ្ជាការយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងប៉ោយប៉ែតបានឡើងអានសាលិខិតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាប្រកបដោយអត្ថន័យខ្លឹមសារជាឧត្តមប្រយោជន៍ និងគុណតម្លៃខ្ពស់ជូនអង្គពិធីបានជ្រាប។

ឯកឧត្តម ខេង ស៊ុម បានបញ្ជាក់ថា៖ ក្នុងយុទ្ធនាការនេះបេក្ខជនទទួលបានការគាំទ្រពីអង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់របស់គណបក្សប្រជាជនកម្ពុជា ហើយអង្គបោះឆ្នោតទាំងអស់បានយល់ច្បាស់ អំពីនីតិវិធី និងដំណើរការនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤នេះ។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បាននាំយកការផ្តាំផ្ញេីសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនបេក្ខជន ជូនអង្គបោះឆ្នោត និងជូនសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មលេីដំណេីរកសាង ការពារជាតិមាតុភូមិ ក្នុងស្មារតីសាមគ្គីភាព ដេីម្បីឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់បន្ថែមថា៖ថ្វីត្បិតការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាការបោះឆ្នោតអសកល ក៏ប៉ុន្តែអង្គបោះឆ្នោតគឺជាតំណាងសម្លេងឆ្នោតរបស់ប្រជាពលរដ្ឋកម្ពុជា ដែលបានបោះឆ្នោតជូននាពេលកន្លងមក។ ជាមួយគ្នានេះ យេីងទាំងអស់គ្នា មានកាតព្វកិច្ចបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍដែលកំពុងតែមាន នៅកម្ពុជា ឱ្យស្ថិតស្ថិរ និងរីកចម្រេីនជាយូរអង្វែង តាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រយោជន៍ប្រជាជនជាធំ ហេីយអង្គបោះឆ្នោតត្រូវយកចិត្តទុកដាក់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កាជាសញ្ញាសម្គាល់ឱ្យបានត្រឹមត្រូវ ដេីម្បីឆ្លេីយតបនឹងឆន្ទៈគាំទ្រគណបក្សប្រជាជនកម្ពុជា របស់ប្រជាពលរដ្ឋកម្ពុជា៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *