ក្រសួងមហាផ្ទៃបន្តចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បាន ២២ទៀត ក្នុងខែកញ្ញា កន្លងទៅ
………………
មានអង្គការ និងសមាគមជាបន្តបន្ទាប់ បានបណ្ដាក់គ្នាមកស្នើសុំសេវាចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ ជាក់ស្ដែងក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងមហាផ្ទៃ បានចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានចំនួន ២២បន្ថែមទៀតហើយ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។
ក្នុងចំណោមអង្គការ និងសមាគមដែលបានចុះបញ្ជីនោះ លោកបណ្ឌិត ទូច សុឃៈ បានញែកឱ្យដឹងថា មានសមាគម ចំនួន១៣ និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ៩។ ដោយឡែកក្នុងខែកញ្ញាដូចគ្នា ក្រសួង ក៏បានលុបឈ្មោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចេញពីបញ្ជីចំនួន ១៥ផងដែរ។
គួរកត់សម្គាល់ថា គិតចាប់ពីពេលដែលច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចូលជាធរមាន កាលពីខែសីហា ឆ្នាំ២០១៥ រហូតមកដល់ខែកញ្ញា ឆ្នាំ២០២៤នេះ មានសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ចំនួន ១.៩៦១ ក្នុងនោះមានសមាគម ១.១៣៣ និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ៨២៨។
មាត្រា៦ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចែងថាសមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុក ត្រូវចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដោយបំពេញសំណុំលិខិតរួមមាន៖ ១-ពាក្យសុំចុះបញ្ជីចំនួន២ច្បាប់ ២-លិខិតបញ្ជាក់អាសដ្ឋាននៃទីស្នាក់ការកណ្តាលក្នុងស្រុកឃុំ ឬចៅសង្កាត់ ១ច្បាប់ ៣-ជីវប្រវត្តិរបស់ស្ថាបនិកដោយភ្ជាប់រូបថតទំហំ ៤x៦ ចំនួន ២ច្បាប់ និង៤-លក្ខនិ្តកៈចុះហត្ថលេខាដោយប្រធានសមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ២ច្បាប់។
ក្រសួងមហាផ្ទៃ ត្រូវសម្រេចអំពីការចុះបញ្ជីរយៈពេល ៤៥ថ្ងៃ បន្ទាប់ពីទទួលបានលិខិតស្នើសុំ។ ករណីក្រសួង ខកខានមិនបានសម្រេចក្នុងរយៈពេលដូចកំណត់ច្បាប់ សមាគម ឬអង្គការនោះ ត្រូវចាត់ថាបានទទួលចុះបញ្ជីស្របច្បាប់។ ករណីនេះក្រសួង ត្រូវធ្វើនិយតកម្មឯកសារចុះបញ្ជីផ្តល់ជូន។ យ៉ាងណាក៏ដោយ ក្រសួងមហាផ្ទៃ អាចបដិសេដការស្នើសុំក្នុងករណីដែលរកឃើញថា ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈឬបង្កអន្តរាយដល់សង្គមកម្ពុជា។ នេះបើតាមច្បាប់ដដែល៕
(សេង សុខហ៊ុន
មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ)