សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាឥណ្ឌូណេស៊ី..

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាឥណ្ឌូណេស៊ី

នៅថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ ពាន់ ម៉ាហារ៉ានី (Puan Maharani) ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅវិមានរដ្ឋសភា រដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។

ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនេះ លោកជំទាវប្រធានរដ្ឋសភាឥណ្ឌូណេស៊ី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ីនាពេលនេះ។ លោកជំទាវ បានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនៅប្រទេសឥណ្ឌូណេស៊ី នាពេលនេះបានធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឥណ្ឌូណេស៊ី-កម្ពុជា កាន់តែរឹងមាំថែមទៀត។

លោកជំទាវក៏បានរម្លឹកពីឱកាសដែលបានជួបសម្ដេចតេជោកាលនៅកាន់តំណែងជានាយករដ្ឋមន្ត្រី និងកាន់តែរីករាយដែលបានជួបសម្ដេចតេជោនៅពេលនេះ ដែលសម្ដេចកាន់តំណែងជាប្រធានព្រឹទ្ធសភាកម្ពុជា។

នៅក្នុងជំនួបនេះ សម្ដេចតេជោបានថ្លែងអំណរគុណចំពោះលោកជំទាវប្រធានរដ្ឋសភាឥណ្ឌូណេស៊ី ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេច និងគណៈប្រតិភូកម្ពុជា។ សម្ដេចតេជោបានបង្ហាញក្ដីរីករាយដោយបានជួបលើកជំទាវជាថ្មី ដែលជំនួបលើកនេះ គឺជាជំនួបលើកទី៣ ហើយរវាងសម្ដេច និងលោកជំទាវប្រធានរដ្ឋសភាឥណ្ឌូណេស៊ី។

សម្ដេចតេជោក៏បានបង្ហាញនូវក្ដីរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អនៃប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូណេស៊ី ដែលបានបន្តរហូតមកទល់នឹងពេលនេះ។ សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះឥណ្ឌូណេស៊ី ដែលបានប្រឹងប្រែងសម្របសម្រួលនៅក្នុងដំណើរការស្វែងរកសន្តិភាពជូនកម្ពុជា រហូតសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ សម្ដេចតេជោបានរម្លឹកពីការរៀបចំប្រារព្ធខួប ៦៥ ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូណេស៊ីកាលពីឆ្នាំ២០២៤ គឺឆ្នាំមុន ដោយនៅឆ្នាំមុនក្នុងខួប៦៥ឆ្នាំនេះកម្ពុជាបានត្រៀមរៀបចំមហាវិថីចំនួន២ ដើម្បីដាក់សម្ពោធ, នោះគឺមហាវិថី ស៊ូ ការណូ ជាមហាវិថីដាក់ឈ្មោះអតីតប្រធានាធិបតីឥណ្ឌូណេស៊ី និងមហាវិថី អាលី អាឡាតាស់ ជាមហាវិថីដាក់ឈ្មោះអតីតរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ប៉ុន្តែកម្មវិធីសម្ពោធមហាវិថីទាំងពីរត្រូវខកខានទៅវិញ។ សម្ដេចតេជោក៏បានអញ្ជើញលោកជំទាវប្រធានរដ្ឋសភាឥណ្ឌូណេស៊ីមកបំពេញទស្សនកិច្ចនៅកម្ពុជា តាមកាលវេលាសមស្របណាមួយនៅពេលឆាប់ៗខាងមុខ និងដើម្បីមានឱកាសសម្ពោធមហាវិថីទាំងពីរនោះផង។

លោកជំទាវប្រធានរដ្ឋសភាឥណ្ឌូណេស៊ី រីករាយទទួលយកសំណើរបស់សម្ដេចតេជោ និងរីករាយចំ ពោះកម្ពុជាដែលបានដាក់ឈ្មោះ ឯកឧត្ដម ស៊ូ ការណូ ដែលជាជីតារបស់លោកជំទាវនៅមហាវិថីនៅកម្ពុជា។ លោកជំទាវបានសន្យាថា នឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជានាពេលឆាប់ៗខាងមុខ ដោយនឹងនាំម្ដាយលោកជំទាវមកទស្សនកិច្ចនៅកម្ពុជាផងដែរ។ លោកជំទាវរីករាយនឹងអញ្ជើញសម្ពោធមហាវិថីទាំងនោះនៅអំឡុងទស្សនកិច្ចនៅកម្ពុជា។

សម្ដេចតេជោមានប្រសាសន៍ថា សម្ដេចរីករាយ និងរង់ចាំស្វាគមន៍លោកជំទាវអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា។

អំឡុងជំនួបពិភាក្សានេះដែរ សម្ដេចតេជោ និងលោកជំទាវប្រធានរដ្ឋសភាឥណ្ឌូណេស៊ី ក៏បានពិភាក្សាពីពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដោយសម្ដេចតេជោស្នើឱ្យជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឱ្យមានចំនួនកើនឡើងថែមទៀត ដោយសារបច្ចុប្បន្នទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានប្រមាណមួយពាន់លានដុល្លារប៉ុណ្ណោះ។ សម្ដេចតេជោក៏បានស្នើឱ្យបង្កើនជើងហោះហើរត្រង់រវាងប្រទេសទាំងពីរដើម្បីជំរុញកំណើនទេសចរ ព្រមទាំងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនផងដែរ។ សម្ដេចតេជោបានអរគុណជាថ្មីចំពោះឥណ្ឌូណេស៊ីដែលបានទទួលស្វាគមន៍សម្ដេច និងប្រតិភូកម្ពុជាប្រកបដោយភាពកក់ក្ដៅបំផុត។ សម្ដេចតេជោសង្ឃឹមថាទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនថែមទៀតនៅក្រោយដំណើរទស្សនកិច្ចរបស់សម្ដេច៕ ក្រោយបញ្ចប់ជំនួបពិភាក្សាការងារ លោកជំទាវប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានអញ្ជើញសម្តេចតេជោដើម្បីទស្សនាអាគារវិមានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌូណេស៊ីផងដែរ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *