នៅវិមានសន្តិភាព នារសៀលថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Yohei Sasakawa បេសកជនពិសេសរដ្ឋាភិបាលជប៉ុន និងជាប្រធានអង្គការ The Nippon Foundation។
នៅក្នុងជំនួបនេះ ឯកឧត្តម Yohei Sasakawa បានគោរពជម្រាបជូនសម្ដេចតេជោថា ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ ឯកឧត្តមសង្កេតឃើញថា ព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ដែលនេះ ឆ្លុះបញ្ចាំងឲ្យឃើញនូវការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុនសែន ដែលនាំអោយប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងប្រជាជនមានជីវភាពរស់នៅល្អប្រសើរ។ ឯកឧត្តមក៏បានគាំទ្រនូវដំណើរបំពេញទស្សនកិច្ចការងាររបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីពេលកន្លងទៅនេះ។ ឯកឧត្តមបានមានប្រសាសន៍ថា ជំនួបមួយរយដង គឺមិនស្មើនឹងសកម្មភាពម្ដងនោះទេ នោះគឺដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ាគឺបានបើកទ្វា ដែលបានចាក់សោរួចទៅហើយនោះ ។ ឯកឧត្តមយល់ឃើញថា នេះគឺជាសកម្មភាពមួយ ដែលធ្វើឡើងដោយអស់ពីចិត្ត ពីបេះដូង ហើយក៏ជាសកម្មភាពដែលទទួលបាននូវការគោរពផង និងផ្ដល់នូវក្តីសង្ឃឹមកាន់តែធំផង ទៅដល់ប្រជាជនមីយ៉ាន់ម៉ា។