បន្ទាយឆ្មារ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ
និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ២០០០គ្រួសារ នៅក្នុងពិធីក្រុងពាលីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធិផលនានាវត្តគិរីរុក្ខារាម (ហៅវត្តថ្មរមៀល) នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ថ្វាយប្រគេនពរ និងជូនពរជ័យពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយ និងជូនចំពោះ ព្រះថេរនុថេរៈគ្រប់ព្រះអង្គ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ក្មួយៗ បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ សូមប្រកបតែនឹងពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូមសម្តែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារចុះមូលដ្ឋានគ្រប់ជាន់ថ្នាក់ អាជ្ញាធរដែនដី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ ជាពិសេសអាជ្ញាធរនិងអង្គភាពពាក់ព័ន្ធ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ដែលបានបន្តចូលរួមចំណែកយ៉ាងធំធេងក្នុងការការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម និងអភិវឌ្ឍមូលដ្ឋាន។
ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូមថ្លែងនូវអំណរព្រះគុណ និងអរគុណ ព្រះថេរានុត្ថរៈគ្រប់អង្គ គណៈកម្មការរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមា សប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយ ទាំងអស់ដែលបានខិតខំយ៉ាង សស្រាកស្រសាំរួមសាមគ្គីគ្នាប្រកបដោយសទ្ធាជ្រះថ្លា ចូលរួមកសាងបាននូវសមិទ្ធិផលថ្មីៗបន្ថែមទៀតនៅក្នុងវត្តគិរីរុក្ខារាម (ហៅវត្តថ្មរមៀល) ដែលនឹងដាក់សម្ពោធឆ្លងនៅក្នុងពេលបន្តិចទៀតនេះ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្តថា ប្រទេសម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុត និងទស្សនៈវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាកចក្រកម្ពុជា បានសម្រេចជោគជ័យយ៉ាងធំធេងនៅក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ សន្តិភាព ស្ថិរភាពនយោបាយនិងបានបន្តអភិវឌ្ឍប្រទេសលើគ្រប់វិស័យតាមរយៈនយោបាយឈ្នះ-ឈ្នះដោយបានបញ្ចប់ទាំងស្រុង នូវសង្គ្រាមស៊ីវិលនៅក្នុងប្រទេស និងការដាក់ចេញយ៉ាងច្បាស់លាស់នូវកម្មវិធីនយោបាយតាមនីតិកាលនីមួយៗ សម្រាប់ការកសាង និងការពារជាតិមាតុភូមិនិងអភិវឌ្ឍប្រទេស ដោយទទួលសមិទ្ធផលគួរជាមោទនៈរហូតមកដល់សព្វថ្ងៃ។ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំកសាងប្រទេស ដោយផ្តោតអាទិភាពលើវិស័យ៤គឺ “មនុស្ស ផ្លូវ ភ្លើង និងទឹក” ដើម្បីជាមូលដ្ឋាននៃការកសាង និងអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សេដ្ឋកិច្ច សង្គមកិច្ច សាសនា លើកជីវភាពរស់នៅប្រជាជនឲ្យកាន់តែល្អប្រសើរ និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ និងបានចាត់ទុកព្រះពុទ្ធសាសនា ជាសាសនា របស់រដ្ឋ និងបានបើកសិទ្ធិសេរីភាពទូលាយសម្រាប់ ប្រជាជនគ្រប់រូបទៅតាមជំនឿ សាសនាដ៏ទៃទៀតរៀងៗខ្លួន ដោយមិនរើសអើង សំដៅឲ្យមានសុខដុមនីយ៍កម្មសាសនា។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានអំពាវនាវ និងណែនាំឲ្យរួមគ្នាការពារដាច់ខាតសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម បន្តរួមគ្នាអភិវឌ្ឍ និងធ្វើសុខដុមនីយ៍កម្មគ្រប់ជំនឿ សាសនា ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍមូលដ្ឋានរបស់យើង បន្តអនុវត្តគោលនយោបាយអភិវឌ្ឍឃុំ សង្កាត់ឆ្នាំ២០២២-២០២៧ ត្រូវបន្តចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់នូវ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់រាជរដ្ឋាភិបាលកម្ពុជា បន្តចូលររួមទប់ស្កាតជំងឺកូវីដ-១៩ ហើយចំពោះបងប្អូន ក្មួយៗ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ទាំងអស់គ្នា។