ព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារ ត្រៀមស្វាគមន៍មហាគ្រួសារខ្មែរ និងភ្ញៀវអន្តរជាតិ

ព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារ ត្រៀមស្វាគមន៍មហាគ្រួសារខ្មែរ និងភ្ញៀវអន្តរជាតិ

ព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារ ត្រៀមខ្លួនរួចរាល់ហើយ សម្រាប់មហាគ្រួសារខ្មែរទូទាំងប្រទេស ជាពិសេសពុកម៉ែ យាយតា បងប្អូន យុវជន យុវតី ដែលរស់នៅតំបន់ពាយ័ព្យប្រទេសកម្ពុជា រួមទាំងភ្ញៀវទេសចរណ៍អន្តរជាតិ។ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ និងលោកជំទាវ បានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីចាប់ផ្ដើមប្រារព្ធព្រឹត្តិការណ៍នេះហើយ។

ឯកឧត្តម កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ បានឱ្យដឹងថាក្រុមការងារ ដោយបានកិច្ចសហការគាំទ្រពីរដ្ឋបាលខេត្តបន្ទាយមានជ័យ និងសហភាពសហព័ន្ធយុវជនខេត្តបន្ទាយមានជ័យ បានរៀបចំរួចរាល់ស្ទើតែ១០០ភាគរយហើយ ទាំងទីតាំងប្រារព្ធពិធីសាសនា និងទីតាំងកំសាន្តសប្បាយទាំងពេលថ្ងៃ និងពេលរាត្រី នៅជុំវិញបរិវេណប្រាសាទបន្ទាយឆ្មារ ស្ថិតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ជាមួយនឹងការរៀបចំតុបតែងលម្អទាំងពេលថ្ងៃ និងពេលយប់ ដែលធ្វើឱ្យបរិវេណរៀបចំព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារមានទិដ្ឋភាពគួរជាទីគយគន់រួមទាំងតាមដងផ្លូវនៃភូមិឋានពលរដ្ឋផងនោះ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ មហាជនជនខ្មែរ និងភ្ញៀវទេសចរណ៍អន្តរជាតិ នឹងបានចូលរួមក្នុងពិធីសាសនាដ៏ល្អផូរផង់ ទស្សនាការសម្ដែងនានា និងចូលរួមកំសាន្តសប្បាយក្នុងកម្មវិធីនានាទាំងពេលថ្ងៃ និងពេលរាត្រី។

ក្រុមការងារអភិវឌ្ឍខេត្តបន្ទាយមានជ័យ បានឱ្យដឹងថាកម្មវិធីទាំងនោះ រួមមានដូចជា ពិធីទទួលទេវត្តាឆ្នាំថ្មី ពិធីបណ្ដែងគោម ពិធីពូនភ្នំខ្សាច់ ពិធីស្រង់ព្រះ ការល្បែងប្រជាប្រិយ៍គ្រប់ទម្រង់ ការសម្ដែងក្បាច់គុណល្បុក្កតោ ការសម្ដែងល្ខោនខោល ការការប្រគំតន្រ្តីស្គរដៃ ការប្រកួតបវរកញ្ញាវ័យចំណាស់ ការរាំកំសាន្តក្រោមតំណក់ទឹកតំបន់ត្រជាក់ចិត្ត ដោយមានការប្រគំតន្រ្តីសម័យចូលរួមពីតារាល្បីៗ និងការតាំងពិពរណ៌ផលិតផលមូលដ្ឋាន។ ជួបជុំគ្រួសារ ចូលឆ្នាំបន្ទាយឆ្មារ ក្រោមម្លប់សន្តិភាព៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *