ជនសង្ស័យ៤នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូន ទៅសាលាដំបូងខេត្តចាត់ការ ករណីបាញ់ បុរសម្នាក់រងរបួសធ្ងន់ ចំណុចក្បែររោងចក្រឌីស !!!!
ខេត្តបន្ទាយមានជ័យ ៖ បុរសមា្នក់ត្រូវបានជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូ១គ្រឿង ធ្វើការបាញ់ពីក្រោយ បណ្តាលអោយរងរបួសធ្ងន់ នៅ ព្រឹក ថ្ងៃពុធ ១៥ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅចំណុចក្បែររោងចក្រឌីស ភូមិផ្សារកណ្ដាល សង្កាត់ផ្សាររកណ្តាល ក្រុងប៉ោយប៉ែត។
បន្ទាប់ពី ទទួលព័ត៌មាន ភ្លាម ក្រោមការ ដាក់បញ្ជាដ៏ម៉ឺងម៉ាត់ ពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយ
មានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងនោះ កម្លាំងសមត្ថកិច្ច ជំនាញ ក្រោមការបញ្ជាផ្ទាល់ ពី លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត និង លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានសហការណ៍ ទាំងពីរ អង្គភាព ចុះសិក្សា ត្រួតពិនិត្យ ដល់ទីតាំង កើតហេតុ ភ្លាមៗ ដើម្បី ស្វែងរកជនសង្ស័យ ។
បន្ទាប់ពី សិក្សាស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ក្រោមការដឹកនាំ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យ ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស(ប្រើប្រាស់អាវុធខ្លី) ប្រព្រឹត្តកាលពីវេលាម៉ោង០៦និង១០នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣កន្លងទៅ នៅចំណុចរោងចក្រឌីស ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយយោងតាមពាក្យបណ្តឹងឈ្មោះ ហ៊ូ ណុច ភេទស្រី អាយុ៥៦ឆ្នាំ ត្រូវជាម្ដាយបង្កើតរបស់ជនរងគ្រោះ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់ ១,ឈ្មោះ អឿន លីផេង (ប៉ក់) ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូអនឡាញ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២,ឈ្មោះ ស៊ីន លាភ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ៣,ឈ្មោះ ស៊ុន សុខុម (ចិត្រ) ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន មណ្ឌល៣ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ៤,ឈ្មោះ ឡុត សារី (រិទ្ធ) ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្ន ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា នៅវេលាកេីតហេតុជនសង្ស័យចំនួន០៣នាក់ បាននាំគ្នាជិះម៉ូតូ០១គ្រឿងម៉ាក ហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ1Y-1198 នាំគ្នាជិះដល់ចំណុចកើតហេតុខាងលើជនស្ស័យឈ្មោះ ស៊ុន សុខុម បានចុះពីលើម៉ូតូទិញបាយ ចំណែកបក្ខពួកបានជិះម៉ូតូបន្ត ពេលជិះហួសរោងចក្រឌីសប្រហែល២០ម៉ែត្រ បានជួបជាមួយជនរងគ្រោះឈ្មោះ អេង ស៊ីនឡាយ ភេទប្រុស អាយុ២០ឆ្នាំ ហើយមានជម្លោះគ្នាក្នុងពេលបើកបរតាមផ្លូវ ហើយជនរងគ្រោះពុំដឹងរឿង ក៏បើកម៉ូតូតាមផ្លូវធម្មតា បន្ទាប់មកជនសង្ស័យឈ្មោះ អឿន លីផេង និងឈ្មោះ ស៊ុន លាភ បានជិះម៉ូតូតាមជនរងគ្រោះ និងបានប្រេីកាំភ្លើងបាញ់ទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួស និងដួលម៉ូតូតែម្តង ក្រោយធ្វេីសកម្មភាព ជនសង្ស័យនាំគ្នាជិះម៉ូតូគេចខ្លួនបាត់។
បន្ទាប់ពីឃាត់ខ្លួននិងសួរចម្លេីយ ជនសង្ស័យទាំង៤នាក់ បានឆ្លេីយសារភាពថា ពួកគេពិតជាបានប្រព្រឹត្ត ប្រេីកាំភ្លើងបាញ់ទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាពជនសង្ស័យទាំងនាក់ រួមទាំងមានវត្ថុតាងផងនោះទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យ ។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសុក្រទី១៤ ខែមេសា ឆ្នាំ២០២៣ អនុវត្តតាមនីតិវិធីផ្លូវច្បាប់។